+.កាព្យឃ្លោងមួយចំនួននៃស្នាដៃរបស់លោកតាក្រមង៉ុយ
បាទ ខ្ញុំសុំលើកយកនូវចំណុចខ្លះនៃកាព្យឃ្លោងមួយចំនួនដែលជាស្នាដៃរបស់លោកតាក្រម ង៉ុយ ដែលបានបន្សល់ទុកដល់បច្ចុប្បន្ន៖
+.ច្បាប់ល្បើកថ្មី
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់ ។
អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក ។
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តទៀតទៅមុខ ។
+.ច្បាប់កេរកាលថ្មី
កូនអើយពាក្យអាពុក ជាទំនុកទំនើបថ្មី អនិស្រាយរាយបាលី អាពុកស្ដីឱ្យកូនស្ដាប់។
គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឱ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឱ្យគួរកុំឱ្យស៊ុន យកពាក្យផ្អែមជាមុន ទន់លំទោនអោនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច គួរតែខ្លាចដូចមហាក្សត្រ ម្ដាយជេរពីរបីមាត់ គួរតែស្ងាត់ស្ងៀមឱ្យឈឹង។
ប្រដៅត្រូវតែស្ដាប់ យកតំរាប់កុំទទឹង ម្នោះម្នះចចេសរឹង នឹងហើយហៅកូនសេសកម្ម។
ធម៌អាថ៌ចេះតែភ្លេច ជេរប្រទេចចេះតែចាំ អាពុកពត់ទៅស្ដាំ អកុសលកម្មទាញទៅឆ្វេង។
+.កាព្យប្រដៅជនប្រុសស្រី
មកកើតជាមនុស្សស្ថានកណ្ដាល មិនរាងមិនចាលដល់តិចតួច ប្រពន្ធកូនគេនៅតែលួច សត្វធំសត្វតូចរឹតសំលាប់។
ស្រារឹតតែផឹកឱ្យស្រវឹង គុណទោសមិនដឹងប្រឹងចាក់កាប់ ស្រេកឃ្លានបំពានធ្វើលើច្បាប់ មិនស្ដាប់ពុទ្ធដីកាព្រះអង្គផ្ដាំ។
ពិតមែនជាមិនលឺព្រះឱស្ឋ ព្រះសង្ឃទ្រង់ប្រោសឱ្យសីស៥ ទទួលរំពេចភ្លេចមិនចាំ ប្រព្រឹត្ដសាងកម្មមិនព្រមលែង។
កើតមកពូជពង្សពេញជាមនុស្ស សេចក្ដីត្រូវខុសចាំជាក់ស្ដែង សំលាប់រូបសត្វឥតគិតក្រែង បំពេញរូបឯងឱ្យធំធាត់។
សំលាប់មិនថាសត្វឈ្មោលញី យកសាច់មកស៊ីឱ្យឆ្ងាញ់មាត់ ទទួលសីលភ្លើធ្វើឱ្យភ្លាត់ លក់សត្វឱ្យព្រាត់មេព្រាត់កូន៕
ដោយ៖ ស្រ៊ុន ច្រេស
តាមឯកសារយោង
-សមាគមអ្នកអក្សរសិល្បិ៍កម្ពុជា
