១៨ ​​សុភាសិត ​របស់សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត

 សុភាសិត​សម្ដេច​ជា​អម្ចាស់៖

១. ការ​អម្បាល កុំ​អាល​ពោល​អួត​មុន ។

២. ឧបាយកល​សើៗ ពុំ​ស្មើ​គំនិត​ជ្រៅ ។

៣. កំណាច​ឃ្លាន​ពេក មាន​រឿង​ពុំ​សូវ​ស្រាក ។

៤. សេព​គប់​ពាល ពាល​នាំ​ទៅ​រក​ខុស សេព​គប់​ប្រាជ្ញ​ប្រុស ប្រាជ្ញ​នាំ​ទៅ​រក​ត្រូវ ។

៥. សូវ​នូវ​ម្នាក់​ឯង គួរ​ជៀស​វាង​បាប​មិត្ត ។

៦. ចិត្ត​ឥត​ភ្នែក ភ្នែក​ឥត​ចិត្ត អ្នក​គិត​ល្អិត​ទើប​អាច​យល់​បាន ។

៧. មើល​ងាយ​អ្នក​ផង នាំ​ឲ្យ​កន្លង​ច្បាប់ ។

៨. រអិល​មាត់​ច្រើន​តែ​ភ្លាត់​ស្នៀត ។

៩. សើច​ក្អាកក្អាយ នាំ​ឲ្យ​ស្ដាយ​ក្រោយ ។

១០. កាប់​បំពង់​រង់​ចាំ​ទឹក​ភ្លៀង ភ្នែក​មិន​ឆ្មៀង​ឃើញ​មិន​សព្វ ។

១១. ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង ។

១២. ពេល​ត្រូវ​ដើរ​បែរ​ជា​ដេក ខ្ជិល​ហួស​ពេក​នាំ​ឲ្យ​ល្ងង់ ។

១៣. មានៈ​ចចេស​ក្រៃ អស់​តម្លៃ​គ្មាន​ចំណេញ ។

១៤. បំណាច់​កើត​ជា​អង្គ​ប្រុស កុំ​ប្រព្រឹត្ត​ខុស​ធម៌​ច្បាប់ ។

១៥. ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក ។

១៦. កុំ​ស្ដាយ​គុម្ព​ចេក​មួយ​គុម្ព ។

១៧. កុំ​ស្ដាយ​អាចម៍​គោ​មួយ​គំនរ ។

១៨. បើ​មិន​ចេះ​ត្រូវ​សួរ​គេ កុំ​មានៈ​យក​គ្រាន់​បើ ។

សុភាសិត​ទាំង​អស់​នេះ ព្រះ​អង្គ​តែង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​យុវជន​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​មួយ​រូប​ថ្លៃ​ថ្នូរ​នឹង​គេ កុំ​ឲ្យ​ក្រាញ​នៅ​តែ​មួយ​កន្លែង ត្រូវ​តែ​ផ្លាស់​ដី​ថ្មី គំនិត​ថ្មី ទើប​រក​សុភមង្គល​ឃើញ មិន​គួរ​គប្បី​ស្ដាយ​ស្រណោះ​ដី​កំហិល ដែល​មាន​តែ​ដើម​ត្នោត​ឬ​ចេក​ដូង​មួយ​គុម្ព​ពីរ​ឡើយ ។ល។

ដក​ស្រង់​ពី សៀវភៅ ទស្សនៈ​សម្ដេច​សង្ឃរាជ ជួន ណាត និពន្ធ​ដោយ​លោក គង់ សម្ភារ (១៩៧០) ។



Post a Comment

Previous Next

نموذج الاتصال